ការចូលរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ ព្រមទាំងការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ភាពអវិជ្ជមាន គឺប្រៀបបាននឹងកម្លាំងចលករក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ, វឌ្ឍនភាពសង្គម និងការសម្រេចនូវក្តីស្រមៃសម្រាប់យុវជនទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគត។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ, ការបង្ហាញអំពីតថភាពសង្គម, ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម, ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ។
ទន្ទឹមគ្នានេះ ឯកឧត្តម បន្ថែមថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ អង្គភាពសារព័ត៌មានជាតិ និងបរទេស ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង២០០០អង្គភាព។ រាជរដ្ឋាភិបាល បានបន្តការបេ្តជ្ញាចិត្តក្នុងការគំាពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ, សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាព, គ្មានការរើសអើង, គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយនោះឡើយ ៕
អត្ថបទ៖ ពុទ្ធិកា