បន្ទាប់ពីរងការរិះគន់ពីសំណាក់មហាជន លោក សុខ លូ អភិបាលខេត្តបាត់ដំបង ចេញមកបញ្ជាក់អំពីសំណង់អាគារដែលកំពុងសាងសង់លយចូលច្រាំដងស្ទឹងសង្កែថាសំណង់អាគារនោះបានសាងសង់នៅលើដីកម្មសិទ្ធិរបស់គេ តាមលំនាំនឹងតាមដំណេកស្ទឹងពីធម្មជាតិ។
លោកឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកបានឲ្យជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀតពាក់ព័ន្ធនឹងសំណង់អាគារនោះ ហើយលោកបានដឹកនាំប្រជុំពិនិត្យនៅល្ងាចថ្ងៃដដែលនិងចុះទៅទីតាំងផ្ទាល់ក្រោយប្រជុំចប់។
ក្រោយចុះពិនិត្យជាក់ស្តែងលោកបានពិនិត្យឃើញថា: សំណង់អាគារគឺនៅលើដីកម្មសិទ្ធិរបស់គេ, ការធ្វើច្រាំងស្ទឹងគឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាតគឺម្ចាស់គាត់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះភាគីម្ចាស់សំណង់បានឯកភាពកាយចេញឲ្យបានអស់ដូចស្ថានភាពដើមនិងឲ្យបានលឿនមុនទឹកឡើង។ ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសរសរ អាក្រក់មើលហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង។
សូមជម្រាបជូនថា ពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរជុំវិញករណីនេះ ដោយបានចាត់ទុកការចោទប្រកាន់ជុំវិញការសាង សង់ សំណង់ រឹងនៅមាត់ស្ទឹង សង្កែ ពីសំណាក់ចលនាមាតាធម្មជាតិ ថាជា ការ ញុះញង់ បំភាន់ បំភ្លៃការពិត ក្នុងចេតនា ទុច្ចរិតវាយប្រហារមកលើ អាជ្ញាធរក្នុងផ្លូវនយោបាយ៕