ក្នុងវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសោរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាមេរោគអេដស៍នៅកម្ពុជាមិនទាន់ចប់នោះទេ ផ្ទុយទៅវិញមាននិន្នាការកើនឡើង ដោយនៅឆ្នាំ២០២២ មានអ្នកឆ្លង៣០០នាក់ បើធៀបនឹងឆ្នាំ២០២១។ សម្តេចបញ្ជាក់ថា ការកើនឡើងនេះ ទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ចំពោះស្រីនិងស្រីមិនចោទបញ្ហាប៉ុន្មានទេ តែប្រុសនិងប្រុស គឺជាប្រភពចម្លងដែលគេរកឃើញមានការឆ្លង។
បើតាមសម្តេចតេជោ ការចម្លងនេះ ដោយសារប្រទេសកម្ពុជា មិនមានបង្កើតច្បាប់ណាមួយរារាំងការស្រឡាញ់ភេទដូចគ្នា ហើយក៏មិនបានបង្កើតច្បាប់អនុញ្ញាតដែរ។ ក្នុងស្ថានភាពបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋកុំភ្លេចខ្លួនឲ្យសោះពីមេរោគអេដស៍កុំរើសអើងអ្នកផ្ទុកមេរោគអេដស៍ត្រូវរកវិធីការពារខ្លួនដូចជាប្រើស្រោមអនាម័យ ជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នា (ប្រុសនិងប្រុស) បើសង្ស័យត្រូវប្រញាប់ធ្វើតេស្ត និងរកសេវាព្យាបាល៕
អត្ថបទ៖ អក្ខរា