«ក្នុងនាមខ្ញុំជាយុវជន និងក៏ជាអ្នកនយោបាយជំនាន់ក្រោយមួយរូបផងនោះ ខ្ញុំគិតថា ការធ្វើនយោបាយដោយយកវិធីប្រមាថជីវិត ការកាត់តរូបភាពក្ដី វីដេអូក្ដី ភ្ជាប់ដោយ ខ្លឹម សារ អកុសលដល់ថ្នាក់ដឹកនាំប្រទេសមួយ និងជាដៃគូនយោបាយរបស់ខ្លួន មកលើ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជារឿយៗ គឺជាគំរូ អវិជ្ជមាន នាំឱ្យដានប្រេះឆានៅដក់ជាប់សម្រាប់ អ្នកនយោបាយ ជំនាន់ ក្រោយ ដែលជាបច្ច័យអាក្រក់នៃជាតិយើង»។ នេះជាការលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
ការលើកឡើងរបស់លោក ស សុខា ជាអ្នកនយោបាយវ័យក្មេងបន្ត យ៉ាងដូច្នេះធ្វើឡើងសំដៅដល់អ្នកនយោបាយ ក្រុមបក្សពួកប្រឆាំងនៅបរទេស ធ្វើការប្រមាថមើលងាយកាត់តរូបភាពថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងក្រុមគ្រួសារ បង្ហោះលើបណ្តាញសង្គមពេលថ្មីៗនេះ។
លោក ស សុខា បានលើកឡើងថា ការប្រើយុទ្ធវិធីដដែលៗបែបនេះ លោកឃើញថា មិន ដែល មាន ប្រសិទ្ធភាព ម្ដងណានោះទេ ។ ផ្ទុយទៅវិញ វាគឺជាសម្ពាធបង្ខំចិត្តដល់ដៃគូរ ជាភាគីរងគ្រោះឱ្យឆ្លើយតបតាមមធ្យោបាយសមស្របក្នុងសិទ្ធិការពារ ខ្លួនត្រឡប់ទៅវិញ ។ ពោលគឺជម្លោះផ្លូវអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ក្លាយជារ៉ាំរ៉ៃរកថ្ងៃបញ្ចប់គ្មាន។
លោកសរសេរបែបនេះថា៖ «ដោយស្មោះត្រង់ ខ្ញុំពិតជាមិនគាំទ្រ និងមិនអាចទទួលយកបានឡើយចំពោះការប្រើពាក្យពេចន៍ និងរូបភាពប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតសម្ដេចតេជោនាយករដ្ឋមន្ត្រី និង ជា ប្រធាន គណបក្ស ប្រជាជនកម្ពុជានោះទេ»។
បើតាមលោក ស សុខា ជាកូនឥស្សរជនមួយរូបដែលនោះ ចរន្តនៃការប្រមាថលើសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ដែលរៀបចំជាប្រព័ន្ធ ដើម្បីធ្វើជាឧបករណ៍នយោបាយបែបនេះ ទោះលោកមិននិយាយ ក៏មហាជនអាចវាយតម្លៃបានថា ជាអំពើអសីលធម៌មិនអាចទទួលយកបានដែរ និងមិនមែនជាមេរៀនដែលអ្នកជំនាន់ក្រោយ ត្រូវរៀនសូត្រតាមក្នុងតម្រាវប្បធម៌អរិយធម៌ខ្មែរ និងច្បាប់សង្គមនោះឡើយ។
លោកសង្កត់ធ្ងន់ថា៖ «សម្រាប់ ខ្ញុំ ផ្ទាល់ ទង្វើនេះជាយុទ្ធវិធីនយោបាយអវិជ្ជមានធ្ងន់ធ្ងរ និងអវិជ្ជា ដែលសាបព្រោះតែបែបអបមង្គល ធ្វើឱ្យបរទេសវាយតម្លៃជារួមលើកម្ពុជា»។
ជាមួយគ្នានេះ លោក ស សុខា សំណូមពរសូមកុំយកជាគំរូ និងសូមបញ្ឈប់ ដោយងាកមកប្រើយុទ្ធវិធីប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដោយស្គាល់ច្បាស់នូវព្រំដែននៃសិទ្ធិសេរីភាពបញ្ចេញមតិ។ ពោលគឺ គួរបែងចែករវាងទិដ្ឋភាពនយោបាយ និងក្របខណ្ឌឯកជនភាពនៃបុគ្គល។ ជារួម បើយុទ្ធវិធីចាស់មិនឈ្នះ គប្បីផ្លាស់ប្រើវិធីថ្មីដែលត្រឹមត្រូវ៕