ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនានេះ បានឲ្យដឹងពីជំនួបរវាង ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែលបានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។
ក្នុងជំនួបនោះភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្ន រួមទាំងកំណើនជាបន្តបន្ទាប់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរកាណាដាដែលមកទស្សនាកម្ពុជា និងទំនាក់ទំនងកម្រិតខ្ពស់ជាវិជ្ជមានរវាងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងកាណាដា ដែលស្តែងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ ភាគីទាំងពីរក៏បានបញ្ជាក់ពីបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជាវេទិការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
ឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី បានសរសើរឯកអគ្គរដ្ឋទូត Taylor ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងអាណត្តិរបស់លោកជំទាវ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដាចំពោះការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងចំពោះការសន្យាផ្តល់ជំនួយបន្ថែមដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន ដែលនឹងរួមចំណែកដល់គោលដៅរបស់កម្ពុជាដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី និងបានផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងអាស៊ាន-កាណាដា។ ឯកឧត្តមរដ្ឋលេខាធិការបានរំលឹកឡើងវិញនូវការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានកត់សម្គាល់ពីសារៈសំខាន់នៃកិច្ចចរចាដែលកំពុងបន្ត ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដោយទទួលស្គាល់ពីអត្ថប្រយោជន៍ដែលអាចនឹងកើតមាននៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងសេដ្ឋកិច្ចរវាងតំបន់ទាំងមូលនិងកាណាដា៕