ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នៅថ្ងៃទី២២ ខែមិថុនានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជាស្ថិតនៅលើគន្លងអភិវឌ្ឍន៍ប្រកបដោយ ជវភាព។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានបង្កឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ជាលើកដំបូងក្នុងអត្រា -៣.១% ក្នុងឆ្នាំ២០២០ក៏ដោយ, កម្ពុជានៅតែអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងប្រសើរ និងបានក្លាយជាប្រទេសឈានមុខមួយនៅលើសកលលោក ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាជន ដែលបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំ ព្រមទាំងបានអនុញ្ញាតឱ្យកម្ពុជា អាចបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញយ៉ាងរហ័ស។
ថ្មីៗនេះ កម្ពុជាក៏ទទួលបានកិត្តិយសដ៏ល្បីរន្ទឺ តាមរយៈការទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ គួរជាទីមោទនៈបំផុត ក្នុងការបំពេញតួនាទីជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្នុងឆ្នាំ២០២២ ព្រមទាំងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់នាពេលថ្មីៗ បន្ទាប់ពីការរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។
ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងអាចចូលរួមក្នុងកិច្ចការតំបន់ និងសកល បានប្រកបដោយប្រសិទ្ធភាព, ស្មើសិទ្ធិ និងស្មើភាព ដោយសារភាពជាអ្នកដឹកនាំដ៏វៃឆ្លាតរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការដាក់ចេញនូវវិធានការឆ្លើយតបដ៏ត្រឹមត្រូវ ទាន់ពេល និងចំទិសដៅ។
យ៉ាងណាមិញ រាជរដ្ឋាភិបាលយល់ច្បាស់ថា ផ្លូវនៃដំណើរទៅមុខរបស់យើង ពិតជាមិនងាយស្រួលនោះទេ។ ជាក់ស្ដែង ស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ទាំងស្រុងនៅឡើយ ស្របពេលដែលបញ្ហាប្រឈមជាសកលផ្សេងទៀតកើតមានជាបន្តបន្ទាប់។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្ថិតក្នុងបរិការណ៍ដែលពោរពេញដោយភាពមិនប្រាកដប្រជាខ្ពស់នាបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិតជាមានភាពចាំបាច់ ក្នុងការពង្រឹងភាពប្រកួតប្រជែង និងកសាង ភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិណាមួយ ដែលអាចកើតមានជាយថាហេតុ។ ក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្ម ឌីជីថល ជាអាទិភាពគន្លឹះមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការជំរុញឱ្យមានការបង្កើតគំរូ សេដ្ឋកិច្ចថ្មី ការបង្កើនផលិតភាពក្នុងគ្រប់វិស័យ និងការធានាបាននូវកំណើនសេដ្ឋកិច្ចជារួម។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរយៈពេលវែងចំនួន ២ គឺ ៖ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលវៃឆ្លាត និងរស់រវើក៕
អត្ថបទ៖ អក្ខរា