ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងអស់ខាងលើនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនជាតិឥណ្ឌាដែលដើរចងការប្រាក់ឥណទាននេះគឺ តម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងបង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ មិនតម្រូវឲ្យមានការបង់ប្រាក់ជារៀងរាល់ខែនោះទេ។ ក្រៅពីនេះក៏មានជា ស្ថាប័នឥណទាន ឬអង្គការមួយចំនួនមានការយកនូវឯកសារសម្គាល់អត្តសញ្ញាណបុគ្គលទាំងនេះ មកធ្វើជាទ្រព្យសម្រាប់បញ្ចាំផងដែរ ដែលវាអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល មួយជាលក្ខខណ្ឌណាមួយប្រសិនបើប្រជាពលរដ្ឋគ្មានទ្រព្យក្នុងការដាក់បញ្ចាំជាថ្នូរនោះ។
ករណីនេះ ឯកឧត្តម សុខ លូ បានណែនាំដល់អង្គប្រជុំគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ត្រូវក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ធ្វើការតាមដាន និងយកចិត្តទុកដាក់លើបញ្ហានេះឲ្យមែនទែន ព្រោះនេះជាករណីដែលល្មើសច្បាប់ ដែលខុសពីគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះត្រូវធ្វើការស្រាវជ្រាវ និងបង្ក្រាបនូវករណីនេះឲ្យបានឆាប់រហ័សទាន់ពេលវេលា ហើយចំពោះក្រុមដែលដើរចងការប្រាក់ឥណទាននៅតាមភូមិក្នុងស្រុកទាំងនោះ ត្រូវធ្វើការចាត់វិធានការទៅតាមច្បាប់ ជាធរមាន និងធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីបញ្ហានេះ ជៀសវាងមានការចាញ់បោកពីសំណាក់ជនទុច្ចរិតណាមួយ។
អភិបាលខេត្តបាត់ដំបង ក៏បានក្រើនរំលឹក និងដាស់តឿនទៅដល់សាធារណជន ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ឲ្យមានការយកចិត្តទុកដាក់និង ចូលរួមសហការគ្នាដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះមានការកើតឡើងជាបន្តបន្ទាប់ទៀត មិនត្រូវធ្វើការផ្ដល់ជាអត្តសញ្ញាប័ណ្ណ ឬឯកសារណាមួយជាទ្រព្យបញ្ចាំសម្រាប់ជាការខ្ចីប្រាក់ឡើយ ព្រោះឯកសារអត្តសញ្ញាប័ណ្ណនេះគឺជាឯកសារសំខាន់សម្រាប់យកទៅប្រើប្រាស់ពេលបោះឆ្នោតខាងមុខនេះ ដូចនេះគោលបំណងនៃក្រុមនេះគឺដើម្បីចង់ឱ្យដំណើរការបោះឆ្នោតមិនឱ្យប្រព្រឹត្តិដោយរលូននោះទេ ដូចនេះសូមប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្នចំពោះបញ្ហានេះ៕