ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ យុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថា ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១. ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង ទី៣. វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប ប៉ុល ពត ជាអាទិ៍៖ ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរស់ឡើងវិញ ពីការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ, ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផលផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ រហូតប្រទេសជាតិមាន ការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ន ។ ទី៣. បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះអាសន្ន ជាពិសេស ក្នុងអំឡុង ពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងទី៤. ផ្តល់ឱកាសក្នុងការអភិវឌ្ឍ រួមមាន៖ ការសិក្សារៀនសូត្រ, ការផ្តល់សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមចាំបាច់នានា បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕