រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនានេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញសកម្មភាពចាក់ដីសាងសង់អគារនៅជាប់មាត់ស្ទឹងសង្កែ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមជាគណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ និងគណនីហ្វេសប៊ុកឈ្មោះ លោក មេភូមិ (ដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្ដាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជនគឺជារបស់កូនលោកប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប សព្វថ្ងៃ។
រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការបំភ្លឺដូច្នេះថា៖ ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្តែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថា ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដី របស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។ ចំពោះបច្ចេកទេសនៃការសាងសង់គឺលើកដីទប់សិនបន្ទាប់ពីសាងសង់ រួចរាល់បានកាយដីចេញវិញអស់ហើយមិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុង សាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង ១០០០ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមកនៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឱ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។
បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង ២០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួល បងប្អូនប្រជាពលរដ្ឋសាទរ។ ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរទឹកស្ទឹងសង្កែទេ ប៉ុន្ដែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង។ ចំពោះការចោទប្រកាន់ថាបុគ្គលនេះ ឬបុគ្គលនោះជាម្ចាស់កម្មសិទ្ធិលើដីដូចការចុះផ្សាយលើបណ្ដាញសង្គម របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ រដ្ឋបាលខេត្តបាត់ដំបង ច្រានចោលទាំងស្រុងនៅព័ត៌មាន មិនពិតទាំងអស់នេះ ។
រដ្ឋបាលខេត្តបាត់ដំបង ចាត់ទុកការចោទប្រកាន់របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនីហ្វេសប៊ុកឈ្មោះ លោក មេភូមិ នេះគឺជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិតក្នុងគោលបំណងមាន ចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលកម្ពុជាកាន់តែកៀកឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ៕
អត្ថបទ៖ អក្ខរា