ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្តល់បច្ចុប្បន្នភាពបន្ថែមជុំវិញគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ឈ្មោះថា «គម្រោងព្រែកជីកហ្វូណនតេជោ»។
ឯកឧត្តមមានប្រសាសន៍ថា៖ “ឆ្នាំក្រោយយើងសង្ឃឹមថា អាចបើកការដ្ឋានសាងសង់ព្រែកជីកនេះបាន ហើយសួរថាយើងធ្វើបានទេ? តាមច្បាប់ទម្លាប់កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ បានចែងថា ករណីយើងប្រើដៃទន្លេសមហេតុសមផល គឺយើងមិនចាំបាច់ទៅសុំការឯកភាពពីប្រទេសហត្ថលេខីដែលមានថៃ វៀតណា និងឡាវ ដោយយើងត្រឹមតែជូនដំណឹងទៅគេតែប៉ុណ្ណោះ”។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល គម្រោងឈ្មោះ ព្រែកជីកហ្វូណនតេជោនេះ គឺយើងចង់ទាញឲ្យមានភាពប្រទាក់គ្នារវាងសម័យហ្វូណន និងសម័យតេជោ។ នៅសម័យហ្វូណន បានជីកព្រែកនេះ មកលក់នៅស្អាង ដែលសព្វថ្ងៃនេះគេហៅថា ព្រែកអំបិល ហើយផ្លូវទឹកនេះអាចធ្វើដំណើរបានពីខេត្តកែបមកដល់ខេត្តតាកែវនៅរដូវវស្សា ហើយព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រនេះ គឺយើងជីកតែ ៧គីឡូមែ៉ត្រប៉ុណ្ណោះ ដើម្បីអាចឲ្យមានលំហូផ្លូវទឹកផ្ទាល់ពីភ្នំពេញ ទៅកាន់សមុទ្រ។
ឯកឧត្តមបានឲ្យដឹងទៀតថា “ព្រែកនេះធ្លាប់មានកាលពី ៥០០ឆ្នាំមុនគ.ស ដោយអាណាចក្រហ្វូណន ប៉ុន្តែព្រែកជីកបានបោះបង់ចោលប្រហែលនៅស.តទី ៥ និងទី៦។ ក្នុងសម័យនោះ គឺមានការរីកចម្រើនខ្លាំងណាស់ខាងដឹកជញ្ជូនតាមផ្លូវទឹក ទៅលក់នៅអឺរ៉ុប ដែលយើងរកឃើញភស្តុតាងកាក់មកពីប្រទេសអ៊ីតាលី (រ៉ូម៉ាំង) នៅកម្ពុជាយើង ដែលបង្ហាញថា ការដឹកទំនិញឆ្លងកាត់មានភាពមមាញឹកសម្បើមណាស់”។
គួរជម្រាបថា គម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប តម្លៃ ១.៧ពាន់លានដុល្លារ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចអនុម័យដោយប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣។ គម្រោងព្រែកជីកនេះ កំពុងសិក្សាដោយពីរក្រុមហ៊ុន គឺក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant។
តាមការសិក្សាបានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក៕
អត្ថបទ៖ អក្ខរា