កំណាត់ផ្លូវជាតិលេខ២៣ តម្លៃជិត ២២លានដុល្លារ ចាប់ផ្តើមដំណើរការសាងសងជាផ្លូវការហើយ

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រវែងជាង១៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ប្រមាណជិត ២២ លានដុល្លារអាមេរិក កាលពញរឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

ការបើកការដ្ឋានគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នេះត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីព័ន្ធសំខាន់ៗជាច្រើនទៀត។

បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) មានប្រវែង ១៩,៨៣៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ ស្ពានកោះធំ) រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ ជាមួយ ផ្លូវខេត្តលេខ១៤) នៃ ភូមិសាស្រ្តខេត្ត កណ្តាល។

គម្រោងនេះ នឹងត្រូវស្ថាបនាពង្រីក ទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទី ម៉ែត្រ លើ ទទឹង តួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លង សម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយាន ធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។ គម្រោងនេះ ក៏នឹងស្ថាបនា ផងដែរនូវ ស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹង ផ្លូវចំនួន៣៣កន្លែង លូប្រអប់កាត់ ទទឹងផ្លូវចំនួន១៧កន្លែង និងលូមូលអមសងខាង ផ្លូវ ប្រវែង ១៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ទៅ តាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។ 

លើសពីនេះ គម្រោងនេះ ក៏នឹងរួមបញ្ចូល នូវការស្ថាបនារង្វង់មូលមួយកន្លែង ផងដែរ ស្ថិតនៅត្រង់ចំណុចផ្លូវប្រសព្វទិស ចុះពីស្ពានកោះធំ រវាងផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២៣ ដើម្បីសម្រួល និងបញ្ចៀសទិសដៅចរាចរណ៍ទៅមក ។

កំណាត់ផ្លូវជាតិ លេខ២៣នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈ ពេលសាងសង់ចំនួន២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨ លាន ដុល្លារ អាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយ នឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផល ប៉ះពាល់ ផងដែរ។


គួរបញ្ជាក់ដែរថា កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមាន ភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ ទិសដៅ រាជធានី ភ្នំពេញ និង ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ៕អត្ថបទ៖​ពិសី