“នាពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណដែលបានអនុវត្ត៤ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរទៅជាយុទ្ធសាស្រ្តបច្ចកោណ គឺមានមុំ៥ មិនមែនមុំ៤ទេ។ យើងបានចាប់ផ្តើមអនុវត្ត ក្នុងរយៈមួយអាណត្តិនូវយុទ្ធសាស្រ្តត្រីកោណ បន្ទាប់ទៅយើងអនុវត្តយុទ្ធសាស្រ្តចតុកោណទី១ ទី២ ទី៣ និងទី៤”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងឈានទៅរៀបចំយុទ្ធសាស្រ្តបច្ចកោណ ដែលក្នុងនោះបានប្រមូលនូវធាតុទាំងឡាយដែលមានក្នុងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត ដើម្បីឲ្យការដឹកនាំរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន។
សម្តេចមានប្រសាសន៍បន្ថែមថា “យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែទៅដល់នាពេលនោះ ហើយយើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច នេះជាដំណើរការរបស់យើង យើងមិនធ្វើរបៀបកញ្ឆក់កណ្តៀតទេ”៕
អត្ថបទ៖ អក្ខរា