សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងអង្គប្រជុំបូកសរុបរបាយការណ៍ប្រចាំ អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។ ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឱ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ។
សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល៕