ជិត ៥ឆ្នាំមកនេះ ក្រុមការងាររាជរដ្ឋាភិបាលជាង ៤ម៉ឺនាក់ បានចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ទូទាំងប្រទេស

គិតមកដល់ពេលនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តមានចំនួន ២៤,០០៩រូប (ស្រី ២៧៨៣រូប) និងសមាសភាពក្រុមការងារថ្នាក់រាជធានី ខេត្ត ចុះក្រុង ស្រុក ឃុំ សង្កាត់ មានចំនួន ១៩,៩៩១៣រូប (ស្រី ៣៤០០រូប)​ដូច្នេះជាសរុប ក្រុមការងាររាជរដ្ឋាភិបាលដែលបានចុះបំពេញបេសកកម្មរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ មានដល់ទៅ ៤០,៣២២រូប។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត។

សូមជម្រាបថា កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ចុងបញ្ចប់នៃកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ដើម្បីផ្តល់អនុសាសន៍ដឹកនាំ ណែនាំ សំដៅបង្កើន និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារតាមមូលដ្ឋានជាបន្តទៀត៕

អត្ថបទ៖ អក្ខរា