ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC-កម្ពុជា) បានដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា ទៅចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ (23rd SOMTC and Its Related Meetings) នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបថា នេះគឺជាកិច្ចប្រជុំដោយផ្ទាល់លើកទី១ បន្ទាប់ពីមានការខកខានរយៈពេល៣ឆ្នាំចុងក្រោយ ដោយសារបញ្ហាជំងឺកូវីដ-១៩ (ឆ្នាំ២០២០-២០២២) ដែលកិច្ចប្រជុំ SOMTCនេះបានធ្វើការផ្លាស់ប្តូរមកប្រជុំតាមរយៈប្រព័ន្ធអនឡាញវិញ។ ដោយក្នុងឆ្នាំ២០២៣នេះ បញ្ហាជំងឺកូវីដ-១៩ បានមានភាពធូរស្រាល កិច្ចប្រជុំដ៏មានសារសំខាន់នេះបានរៀបចំធ្វើដោយផ្ទាល់ឡើងវិញ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច ក៏ដូចជាការអញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC-កម្ពុជា) មានក្តីរំពឹងថាទុកនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយបណ្តាប្រទេសជាដៃគូសន្ទនារបស់ SOMTC មួយចំនួនផងដែរ៕