ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រាប់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ថា វិសោធនកម្មច្បាប់បោះឆ្នោតធ្វើឡើងក្នុងចេតនាល្អ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយដែលជ្រើសរើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្មរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ដែលបដិសេធស្ថានភាពពិតនៃលំហពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា “កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស”។ ក្នុងនោះស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងនូវតថភាព ៤ចំណុច។ មាន១ចំណុច ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា ការចោទប្រកាន់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត “នឹងអាចរឹតត្បិតលើសិទ្ធិ […] ដែលធានាដោយរដ្ឋធម្មនុញ្ញ” គឺជាបុរេនិច្ឆ័យលម្អៀង និងគ្មានមូលដ្ឋានទាល់តែសោះ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា លើកឡើងថា ផ្ទុយទៅវិញ វិសោធនកម្មនោះគឺអនុលោមទាំងស្រុងតាមមាត្រា៣៤ (ថ្មី) នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត។ ជាងនេះទៅទៀត សេចក្តីព្រាងវិសោធនកម្មនេះគឺពិតណាស់ធ្វើឡើងក្នុងចេតនាល្អ ដើម្បីឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវតែបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូដោយការទៅបោះឆ្នោត មុនពួកគាត់អាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន។ ការអនុវត្តនេះពុំមែនពុំធ្លាប់អនុវត្តលើលោកយើងនោះទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្រាវជ្រាវ និងមានយោបល់។ នៅពេលគណៈកម្មការជំនាញសិក្សារួចរាល់ហើយ នឹងរៀបចំបែបបទដើម្បីធ្វើតាមសំណើរបស់គណៈកម្មការជំនាញដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត ហើយនឹងបញ្ជូនទៅព្រឹទ្ធសភា៕

អត្ថបទ៖ អក្ខរា