សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍លើការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ បើមិនឲ្យសម្តេចពឹងជប៉ុន បារាំង និងសហគមន៍អឺរ៉ុបទេ តើទៅពឹងនរណា? សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា រាល់ពេលសម្តេចអញ្ជើញជួបប្រធានាធិបតីបារាំង សម្តេចតែងតែស្នើឱ្យបារាំងជួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់ទឹកស្អាត។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រមូលទុនពីគ្រប់ទិសទី ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងដែលជាគម្រោងវិនិយោគដ៏ធំ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ សម្តេចក៏បានដល់ស្នើបារាំង និងសហភាពអឺរ៉ុប បន្តផ្តល់ជំនួយសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣បន្តទៀត ខណៈពេលនេះយើងបានសម្ពោធដាក់ឲ្យដំណើរការជំហានទី១។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “សុំឲ្យទាំងបារាំង ទាំងAFD សុំជួយយើងខ្ញុំតទៅទៀត រដ្ឋាករទឹកទីក្រុងភ្នំពេញមានលទ្ធភាពនឹងសងលុយត្រឡប់ទៅវិញ កុំបារម្ភថាយើងខ្វះលុយ ព្រោះរដ្ឋាករទឹកបូមយកទៅលក់ ហើយបានលុយចំណេញអភិវឌ្ឍតទៅទៀត ប៉ុន្តែក៏ទុកលុយដើម្បីសងត្រឡប់ទៅវិញ ដើម្បីខ្ចីហើយមិនសងបានន័យថាយើងមិនគោរពកាតព្វកិច្ចនោះទេ”។
សូមជម្រាបថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប។រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ៕
អត្ថបទ៖ អក្ខរា