ឯកឧត្តម សាយ សំអាល់៖ ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាមន្ត្រីសាធារណៈ ដែលនៅកៀក នឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ រួមចំណែកនៅគ្រប់ដំណាក់កាលដ៏លំបាក និងវែងឆ្ងាយនៃ ដំណើរកម្ពុជា។ បើគ្មានការលះបង់ និងមនសិការស្នេហាជាតិរបស់បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដោយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេ ក៏យើងមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថៃ្ងនេះដែរ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលវរ:ការពារព្រំដែនទឹក អង្គភាពកងទ័ពជើងទឹក តំបន់ប្រតិបត្តិការសឹករងខេត្ត  កងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។

ឯកឧត្តម បានសម្តែងការគោរពដឹងគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លំាង ប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្មារតីឯកភាពជាតិ ជាធ្លុងមួយ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ មកជាប៉ូលសេដ្ឋកិច្ចទី២ និងជាទីក្រុងអន្តរជាតិ ដ៏ទាក់ទាញ។

ឯកឧត្តមប្រធានក្រុមការងារ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ឈានឆ្ពោះទៅសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា រួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់  និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕