នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រសរុបចំនួន ១,៩០០នាក់ ស្មើនឹង ៣,៥៤៧ករណីនៅនឹងកន្លែង រួមមានជម្ងឺទូទៅ មាត់ធ្មេញ អេកូបេះដូង វះកាត់តូច ឫសដូងបាត សន្លាក់ សើរស្បែក ត្រចៀក ច្រមុះ បំពងក ពិនិត្យឈាម ថតកាំរស្មី រោគស្រ្តី ភ្នែក ផ្នែកពិសោធន៍ស្ថិតនៅក្នុងបរិវណសាលាវិទ្យាល័យ បឹងត្របែក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សហការជាមួយអាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យដៃគូរសហការក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
លោកជំទាវ បន្តថាគោលបំណងសំខាន់របស់សមាគម ទី១គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ២ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា ៣ចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត អោយបានចូលរួមចំណែកបំរើការងារមនុស្សធម៌ក្នុងសង្គម។
លោកជំទាវ បញ្ជាក់ថា អ្វីដែលពិសេសនោះបេសកកម្មនាថ្ងៃនេះ TYDA បានដឹកនាំក្រុមគ្រូពេទ្យជាង២០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ជំនាញចាប់សសៃ មកព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដៃគូរសហការទាំងអស់ផងដែរ ។
លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះសរុបចំនួន១,៩០០ នាក់ ស្មើនឹង ៣,៥៤៧ករណី។ ករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៣៥ករណី ក្រោមការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
នៅក្នុងកម្មវិធីនេះ លោកជំទាវក៏ បានការចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស និងថវិកាប្រកបដោយភាពសប្បាយរីករាយផងដែរ ។