សម្ដេចតេជោ ហ៊ុន សែន ណែនាំឯកឧត្តម កើត រីទ្ធ លើកលែង​ការ​ចោទ​ប្រកាន់​លោក ថេង សាវឿន និងសហការី និងផ្តល់សិទ្ធិឲ្យ​ស​មា​គ​ម​CCFC បានធ្វើសកម្មភាពឡើងវិញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃសៅរ៍ទី១៧ ខែមិថុនានេះ បានអនុញ្ញាតលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា(CCFC) និងសហការី ចូលជួបសំដែងការគួរសម នៅគេហដ្ឋានផ្ទាល់របស់សម្តេចតេ​ជោ នៅទី​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

បើតាមបណ្តាញទំនាក់ទំនងសង្គមឡេក្រាមនៅយប់ថ្ងៃសៅរ៍នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជំនួប​រវាង​សម្តេច​តេជោ និងថ្នាក់ដឹកនាំ​សមា​គម CCFC គឺដើម្បីស្តាប់នូវរឿងរ៉ាវដែលកើតមានកន្លងមក​និងសកម្មភាពរបស់​សមា​គម។

សម្តេចតេជោ ថ្លែងបញ្ជាក់បន្ថែមថា យើងពិនិត្យឃើញនូវផលប្រយោជន៍ដែលសមាគមបានធ្វើដូចនេះខ្ញុំបាន​លើកទឹក​ចិត្តឲ្យ​​​​សមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនយើងនិងបន្ថែមឲ្យសមាគមយកចិត្តទុក​ដាក់លើកិច្ចការ​ពារ​ចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានណែនាំឯកឧត្តម កើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការខេត្តរតន​គីរី​ដើម្បី​លើកលែង​ការចោទប្រកាន់និងផ្តល់សិទ្ធិឲ្យសមាគមនេះបានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់ខាងមុខ។

សូមជម្រាបថា តុលាការខេត្តរតនៈគិរី នាពេលថ្មីៗនេះសម្រេចចោទប្រកាន់លោក ថេង សាវឿន និងសហការី២រូប​ផ្សេង​ទៀត​ពីបទញុះញង់ និងរួមគំនិតក្បត់ ក្រោយតំណាងអយ្យការ និងចៅក្រមស៊ើបបានបញ្ចប់នីតិវិធីសាកសួរ។ ក្រោយ​ការចោទប្រកាន់រួច លោក ថេង សាវឿន និងមន្ត្រីរបស់លោក២រូបត្រូវបានតុលាការបញ្ចូនទៅឃុំខ្លួនបណ្តោះ​អាសន្ននៅ​ពន្ធនាគារ​ខេត្តរតនគិរី។ នៅពន្ធនាគារបានប៉ុន្មានថ្ងៃលោក សាវឿន និងសហការីត្រូវបានដោះលែងដាក់​ឲ្យនៅ​ក្រៅឃុំ​ជាបណ្តោះ​អាសន្ន៕