ថ្មីៗនេះ កាសែត The Cambodia daily ដែលមានមូលដ្ឋាននៅអាមេរិកបំរើបក្សពួកប្រឆាំងទណ្ឌិត សម រង្សុី និងគូកននោះត្រូវបានក្រុមហ៊ុន Facebook ធ្វើការលុបផេកហ្វេសប៊ុក The Cambodia Daily khmer ចោលទាំងស្រុងហើយ បន្ទាប់ពីរងនូវពាក្យបណ្តឹងជាច្រើនករណីក្នុងការបង្កើតមាតិកាព័ត៌មានប្រឌិតបំភ្លៃការពិត ញុះញង់បង្ករចលាចដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល និងស្ថាប័ន។
ពាក់ព័ន្ធនឹងការរងនូវបណ្តឹងជាច្រើន ឥឡូវ កាសែតអនឡាញអត់ច្បាប់ទម្លាប់មួយនេះ បានសម្រេចទទួលស្គាល់កំហុសនូវបណ្តឹង ៦ករណីពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផេក The Cambodia daily khmer ធ្វើការលុបមាតិកាវីដេអូ ដែលបុគ្គល តាំង សារ៉ាដា ផ្សាយមិនពិតពីក្រុមហ៊ុន Galaxy Navatra Group ពិសេសពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែម្តង។
នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះរូបភាពជាមួយនឹងសំណេរបញ្ជាក់ជូនសាធារណជនពីដំណឹងដែលកាសែត The Cambodia daily ទទួលស្គាល់កំហុសនូវបណ្តឹង ៦ករណីនេះ។ អ្នកឧកញ៉ាសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «The cambodia daily khmer សម្រេចទទួលកំហុសនូវបណ្ដឹង 6ករណីរបស់ខ្ញុំ និងសម្រេចលុបចេញដើម្បីទទួលបានផេកមកវិញ។ បន្ទាប់ពីបាត់ពីពិភពលោកបួនថ្ងៃ (ចេះដឹងកំហុសដែរ ស្លន់ស្លោ) តែខួរក្បាលពិត មិនដឹង ចេះស្គាល់កំហុសអត់ណ៎។ The cambodia daily Khmer ខ្មាស់គេជាងស្រាតខោទៀត។»
គួររំលឹកដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily មានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំភ្លៃនិងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល។ ដូចនេះការលុបចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់កាសែត The Cambodia daily គឺជារឿងដ៏គួរឱ្យសាទរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាមេរៀនមួយសម្រាប់សារព័ត៌មានដែលបម្រើបរទេសដទៃទៀត ដែលកំពុងតែធ្វើសកម្មភាពញុះញង់ បង្កើតនូវព័ត៌មានក្លែងក្លាយដូចជាសារព័ត៌មាន The Cambodia Daily នេះផងដែរ៕