ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អភិបាលរាជធានី-ខេត្ត បើក្ដាប់មិនជាប់សេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនមិនច្បាស់ទេនោះ គឺមិនគ្រប់លក្ខណៈធ្វើជាអភិបាលរាជធានី-ខេត្តទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ដឹកនាំប្រទេសមួយ ឬខេត្តមួយ ដំបូងបំផុតត្រូវគិតអំពីសេដ្ឋកិច្ច ឥលូវរឿងនយោបាយ រឿងច្បាំងគ្នាអីអត់មានទេ ប្រមូលផ្ដុំគ្នាធ្វើសេដ្ឋកិច្ច ត្រូវដឹងថា តាមរយៈប្រាក់ចំណូលទាំងនេះ (វិស័យកាត់ដេរ) GDP ក្នុងខេត្តកំពង់ស្ពឺ ក្នុងម្នាក់ប៉ុន្មាន ព្រោះចំនួនទៅតាមតំបន់ត្រូវក្ដាប់ឲ្យជាប់”។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនអាសនៈសម្រាប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខេត្ត ដែលធ្វើឲ្យចំនួនអភិបាលរងខេត្ត ក្រុង ស្រុកមានការកើនឡើង ដូច្នេះត្រូវចាត់ចែងបែងចែកគ្នាធ្វើការ៕
អត្ថបទ៖ អក្ខរា