ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មិថុនា មិ្សលមិញ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកវិស័យសាសនា បានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយ ការលើកស្ទួយវិស័យសាសនានៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ជាពិសេសការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា ការយកចិត្តទុកដាក់ លើកស្ទួយវិស័យសាសនានៅកម្ពុជា ដោយសារសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិតវិជ្ជមាន និងការចែករំលែកជួយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋគំរូ។
ជាមួយនេះ ឯកឧត្តម សង្កត់ធ្ងន់ថា នៅប្រទេសកម្ពុជា គ្មានឡើយជម្លោះសាសនា ហើយបើទោះបីជាសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេស នោះឡើយ។ ត្បិតតែកម្ពុជាមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជន ទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់និកាយសាសនា ដើម្បីនាំមកនូវភាពសុខដុមនៅក្នុងប្រទេសជាតិ។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់់បានប្រកាសប្រឆាំងដាច់ខាត ចំពោះការរើសអើងសាសនា និងប្តេជ្ញាទប់ ស្កាត់ មិនឲ្យមានជម្លោះសាសនាកើតឡើងនោះឡើយ៕ អត្ថបទ៖ សីហា