បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធចាប់តាំងពីថ្ងៃទី១១ ខែមិថុនាមក រវាងក្រុមបះបោរវៀតណាម ឬជនជាតិភាគតិចម៉ុងតាញ៉ាប្រមាណ៦០០នាក់ និងអាជ្ញាធរវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បញ្ជាឲ្យកងកម្លាំងកម្ពុជានៅភូមិភាគ១ និងអាជ្ញាធរខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ បង្កើនការប្រុងប្រយ័ត្ន សហការជាមួយអាជ្ញាធរវៀតណាម ទប់ស្កាត់កម្លាំងបះបោរ ដែលរត់ចូលមកទឹកដីកម្ពុជា បន្ទាប់ពីពួកគេបានបាក់ទ័ព។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថាមេខ្លោងរបស់ក្រុមបះបោរវៀតណាមនេះ អាចនៅក្នុងទឹកដីកម្ពុជា ដោយសម្តេចលើកឡើងពីបទពិសោធន៍កន្លងមកតែងមានជនជាតិម៉ុងតាញ៉ាវៀតណាមចូលមកទឹកដីកម្ពុជាជ្រកក្រោមផ្លាក ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការព្រមានទុកជាមុនដល់អង្គការអន្តរជាតិ ឬពលរដ្ឋខ្មែរណាក៏ដោយ ដែលឃុបឃិតនាំពួកម៉ុងតាញ៉ាវៀតណាមមកភ្នំពេញ ព្រមទាំងបញ្ជាឲ្យចាប់ខ្លួនក្រុមបាក់ទ័ពប្រគល់ឲ្យវៀតណាមភ្លាមៗ ដោយមិនមានការលើកលែង ទោះមកដល់ទីស្នាក់ការ HCR ក៏ដោយ ដោយមិនមានសិទ្ធជ្រកកោនជាជនភៀសខ្លួនទេ។ ការលើកឡើងដូច្នេះ ក៏ព្រោះតែកម្ពុជានិងវៀតណាម មានកិច្ចព្រមព្រៀងជាមួយគ្នា មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសជិតខាងណាមួយឡើយ។
សូមជម្រាបជូនថា ក្រុមម៉ុងតាញ៉ាវៀតណាមនេះ បានបង្កើតឲ្យមានជនភៀសខ្លួនកាលពីអំឡុងដើមឆ្នាំ២០០០ ម្តងហើយ ដោយពួកគេបានទៅលាក់ខ្លួននៅក្នុងខេត្តរតនគីរី មណ្ឌលគីរី ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម៕