ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ម៉ឺននាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរថា ក្រុមប្រឆាំងក្រៅប្រទេស តើបុគ្គលរូបណា មានគុណសម្បត្តិសម្រាប់ធ្វើនាយករដ្ឋមន្ត្រី? សម្តេចតេជោបានថ្លែងថា ក្រុមប្រឆាំងគ្មានយុវជនសម្រាប់បន្តវេននយោបាយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ក្រុមប្រឆាំងគ្មាននរណាមានសមត្ថភាពស្មើកូនរបស់សម្តេច (ឯកឧត្តម ហ៊ុន ម៉ាណែត )នោះឡើយ។ មិនមានសមត្ថភាពស្មើត្រង់ថា មានសញ្ញាបត្របណ្ឌិតដូចគ្នា តែពួកគេគ្មានជំនាញលោតឆ័ត្រយោង និងបាញ់កាំភ្លើងដូចឯកឧត្តម ហ៊ុន ម៉ាណែត នោះទេ។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ជំនួសសម្តេចតេជោ ហ៊ុន សែន ដែល ជាឪពុក ដែលសម្តេចតេជោនឹងត្រូវចាកចេញពីតំណែងនាយករដ្ឋមន្រ្តីនេះនាពេលអនាគត។ បើតាមសម្តេចតេជោ លក្ខខណ្ឌដើម្បីធ្វើជានាយករដ្ឋមន្ដ្រីបានដំបូងបំផុតគណបក្សរបស់ខ្លួនត្រូវតែជ្រើសរើសបេក្ខជន គ្រាដែលគណបក្សប្រជាជនកម្ពុជាមានមនុស្សច្រើនណាស់ ដែលអាចធ្វើជានាយករដ្ឋមន្ដ្រីបាន ហើយបើទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្ដេច ក៏ត្រូវតែជ្រើសរើសធ្វើជាបេក្ខភាពដែរ ដោយសារលោកមានសមត្ថភាព និងគ្រប់លក្ខណៈសម្បត្តិទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៀតថា បើទោះបីសម្តេចមិនធ្វើនាយករដ្ឋមន្ត្រី ក៏សម្តេចនៅតែធ្វើជាប្រធានបក្ស ជាអ្នកគ្រប់គ្រងនយោបាយដដែល៕
អត្ថបទ៖ អក្ខរា