ឯកឧត្តម Jiri Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានស្ងើចសរសើរការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយ ភាពជោគជ័យ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ប្រកបដោយថាមវន្តរបស់កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ នេះបើតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Jir Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានធ្វើជាសហប្រធាននៃ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងប្រទេសទាំងពីរ នៅក្រសួងការបរទេស និងសហប្រតិបត្តិការ
អន្តរជាតិ។
ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្ដីពេញចិត្តចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ។ ឯកឧត្ដមទាំងពីរបាន បង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយដែលជាផលប្រយោជន៍រួមឱ្យកាន់តែប្រសើរថែមទៀត៕