នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន១ដង រួចមកហើយ គឺកាលពីទី៦ មិថុនា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២២៤៧០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។
ជំនួបនៅថ្ងៃនេះ គឺជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ១៤៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសចំនួន ៦ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១, រោងចក្រដេរស្រោមដៃចំនួន១ និងដេរស្បែកជើងចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសចិន។
នៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៥១០ មានកម្មករនិយោជិតប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ១១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២១ មានកម្មករនិយោជិត សរុបជាង ២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ៧៩លានដុល្លារអាម៉េរិក និងជា ខេត្តទី៧ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕