សម្ដេចក្រឡាហោម ស ខេង៖ ការងារចុះជួយមូលដ្ឋានជារូបមន្តធ្វើការរបស់កម្ពុជាដ៏មានប្រយោជន៍ និងត្រូវតែបន្តសម្រាប់អាណត្តិខាងមុខ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការចុះជួយមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់ការដោះស្រាយសំណើរ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។ សម្តេចបានថ្លែងបែបនេះ ក្នុងពិធីអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម បានលើកឡើងថា ការបែងចែកគ្នាចុះតាមមូលដ្ឋានរបស់ក្រុមការងារទាំងពីរ ទាំងក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ត្រូវបានថ្នាក់ដឹកនាំផ្តល់តម្លៃខ្ពស់អំពីសកម្មភាពរបស់ក្រុមការងារចុះជួយតាមរាជធានី ខេត្តនេះ ដែលសម្តេចស្នើឲ្យមានយន្តការនេះបន្តទៀត សម្រាប់អាណត្តិខាងមុខ។

សម្តេចគូសបញ្ជាក់ថា ការងារចុះជួយមូលដ្ឋាននេះ ជារូបមន្តធ្វើការរបស់កម្ពុជាដ៏មានប្រយោជន៍ ដោយទីមួយក្រុមការងារចុះជួយមូលដ្ឋានបានដើរតួនាទីជាអ្នកផ្សព្វផ្សាយ និងគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមអាណត្តិនីមួយៗ ទីពីរបានសផ្សារភ្ជាប់ទំនាក់ទំនងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកសាងធនធានមនុស្ស ពង្រឹងសមត្ថភាពមន្ត្រីផងដែរ។

ទន្ទឹមនេះ សម្ដេចក៏ថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋាននៅខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលធ្វើឲ្យសម្ដេចបានរួមចំណែកកសាងសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត ខេត្តទាំងពីរនេះ៕

អត្ថបទ៖ អក្ខរា