ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទីដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើការផ្លាស់ប្តូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ។
អមដំណើរក្នុងការអញ្ជើញចុះពិនិត្យនាពេលនេះ មានវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។
ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។ បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍ ដែលកំពុងមាននៅតំបន់ទាំងពីរនេះ។
សូមបញ្ជាក់ថា ភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រីឯតំបន់អភិវឌ្ឍពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
រាជរដ្ឋាភិបាលកំពុងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍធម្មជាតិរុនតាឯក និងពាក់ស្នែង ដែលមានរៀបចំបណ្តាញផ្លូវ ទឹក និងអគ្គិសនី។ ក្រៅពីនោះអាជ្ញាធរកំពុងសាងសង់ផ្សារ សាលារៀន មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀតដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍទាំងពីរ ដើម្បីប្រែក្លាយតំបន់តំបន់រុនតាឯក និងពាក់ស្នែង ឲ្យក្លាយជាទីប្រជុំជនមួយ៕
អត្ថបទ៖ អក្ខរា