នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញតំណាងគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន បញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងបោះពុម្ពជាង១៣លានសន្លឹក គឺចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោត ដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង ២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។
ឯកឧត្តមបន្តថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់បាន១១ខេត្តហើយ។ ការបោះពុម្ពនឹងរួចរាល់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ការបោះពុម្ព សន្លឹកឆ្នោត ជាង១៣លានសន្លឹក ចំណាយថវិកាជាង២លានដុល្លារ។ សរុបថវិកា សម្រាប់ការ បោះឆ្នោតនេះ ជាង៥០លានដុល្លារ។ ទឹកខ្មៅជ្រលក់ដៃបញ្ជាទិញពីឥណ្ឌាជាង៥ម៉ឺន២ពាន់ដប៕