សម្ដេចក្រឡាហោម ស ខេង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

សម្ដេចក្រឡាហោម ស ខេង ជាអ្នកនយោបាយចាស់ទុំមួយរូប​ក្នុងចំណោមឥស្សរជននយោបាយក្នុងគណបក្សប្រជាជនកម្ពុជា។ សម្តេច ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ ក្នុងភូមអណ្តូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សម្ដេចមិនបានរៀនចប់ថ្នាក់វិទ្យាល័យទេ ព្រោះសង្គ្រាម និងការបែកបាក់ជាតិ។ ប៉ុន្តែសម្ដេចយកការងារ យកសង្គម និងមនុស្សជុំវិញធ្វើជាគ្រូ។ នៅឆ្នាំ១៩៩២ សម្ដេចបានស្រាវជ្រាវ និងសរសេរឯកសារមួយរហូតក្រសួងអប់រំរដ្ឋកម្ពុជាចេញលិខិតទទួលស្គាល់សមត្ថភាពសម្ដេចកម្រិតស្មើបរិញ្ញាបត្រ។

ឯកសារខ្លះបានផ្តល់ព័ត៌មានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង រៀនបានសញ្ញាបត្រមធ្យមសិក្សាកម្រិត១ នៅអនុវិទ្យាល័យថ្នល់កែង ក្នុងខេត្ត​ព្រៃវែង ហើយក្រោយមកសម្ដេចទទួលបានសញ្ញាបត្រថ្នាក់ឧត្ដមសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។

សូមជម្រាបថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ដែលត្រូវបានប្រគល់ជូនសម្ដេចក្រឡាហោម ស ខេង នាពេលនេះ គឺជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុតរបស់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្តល់ជូនដល់ឥស្សរជន និងបុគ្គលឆ្នើមដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ ដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ៕

អត្ថបទ៖ អក្ខរា