អ្នកចងក្រងសៀវភៅ «សោយ»៖ ម្ហូបខ្មែរមួយចំនួន មិនត្រឹមតែហូបដើម្បីឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែអាចជាឱសថព្យាបាលជំងឺទៀតផង

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឲ្យមេចុងភៅ អ្នកស្រី រស់ រតនៈ ដែលជាអ្នកចងក្រងសៀវភៅឈ្មោះថា “សោយ” ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

អ្នកស្រីមេចុងភៅ បានជម្រាបលោកជំទាវរដ្ឋមន្ត្រី អំពីជីវប្រវត្តិ និងគោលបំណងរបស់អ្នកស្រី ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងសៀវភៅ “សោយ” ឡើង គឺដើម្បីអភិរក្ស និងផ្សព្វផ្សាយនូវមុខម្ហូប និងគ្រឿងផ្សំ ដែលជាមរកតរបស់ខ្មែរ ដែលក្នុងនោះ បានចងក្រងនូវមុខម្ហូបខ្មែរជាច្រើនមុខ ទាំងម្ហូបសម្រាប់ប្រជាពលរដ្ឋ និងម្ហូបនៅក្នុងព្រះបរមរាជវាំង។ អ្នកស្រីមេចុងភៅ បានបញ្ជាក់ថា ម្ហូបខ្មែរមួយចំនួន មិនត្រឹមតែហូបដើម្បីឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតអាចជាឱសថព្យាបាលជំងឺផងដែរ។

លោកជំទាវកិត្តិបណ្ឌិតក៏បានណែនាំមន្ត្រីក្រសួងកិច្ចការនារី ពិនិត្យ និងពិភាក្សា ដើម្បីស្វែងរកការងារណា ដែលអាចធ្វើការងារបាន ជាមួយនឹងមេចុងភៅ រស់ រតនៈ ដើម្បីជួយផ្សព្វផ្សាយម្ហូបខ្មែរ ដែលជាមរតកដូនតា និងដើម្បីលើកកម្ពស់មេចុងភៅជាស្ត្រី ដើម្បីបង្ហាញថា ស្ត្រីអាចដើរតួនាទីបានលើគ្រប់វិស័យ ៕