ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំលេីសឈាមមួយប្រភេទ ដែលធ្លាក់គុណភាព អាចគ្រោះថ្នាក់ដល់សុខភាព

ក្រសួងសុខាភិបាល ប្រកាសប្រមូលយកមកវិញនូវថ្នាំលើសឈាមឈោ្មះ AMLOCOR-10 Box/3×10 Tablets ចំនួន១ឡូតិ៍ដែលមានលេខឡូត៏ B131J006, Exp=05-2024 បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) បន្ទាប់ពីបានវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា។

ក្រសួងបានឲ្យដឹងថា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានទិញឱសថមួយចំនួនពីតាមបណ្តាឱសថស្ថាន និងឱសថស្ថានរង បញ្ចូនទៅវិភាគគុណភាព ដើម្បីធានាគុណភាពឱសថដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រសួងបានបញ្ជាក់ថា ចំណែកឯឱសថឈ្មោះ AMLOCOR-10 ដូចគ្នា ដែលមានលេខឡូតិ៍ផ្សេងពីនេះ គឺមិនមានការប៉ះពាល់ដល់គុណភាពឡើយ។

ជាមួយគ្នានេះ ក្រសួងណែនាំឲ្យគ្រប់សេវាសុខាភិបាលទាំងអស់ និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ និងត្រូវផ្តល់ ឬបញ្ជូនឱសថដែលមានលេខឡូត៏ដូចនេះ ទៅឱ្យគ្រឹះស្ថាន ដែលបានលក់ជូនវិញ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។

ក្រសួងសុខាភិបាល ក៏ព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការតាំងលក់ ឬលក់ឱសថប្រភេទនេះ។ ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់សាធារណជន ក្នុងករណីប្រទះឃើញថ្នាំលើសឈាមដែលមានលេខឡូតិ៍សម្គាល់ដូចការបង្ហាញនេះ សូមប្រញាប់ផ្តល់ព័ត៌មាន មកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕

អត្ថបទ៖ អក្ខរា