សម្តេចតេជោ ហ៊ុន សែន គាំទ្រពង្រាងមាត្រា១៤២ថ្មី មាត្រា ១៤៣ថ្មី 

សម្តេចតេជោ ហ៊ុន សែន គាំទ្រ ពង្រាង មាត្រា១៤២ថ្មី ដែលបានចែងអំពីការផាកពិន័យជាប្រាក់ពី ៥លានទៅ២០លានរៀល ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌ ផ្សេងទៀតចំពោះជនណា លើគ្រប់មធ្យោបាយ ទុច្ចរិត រារាំង ឬ ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬ រារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។

សម្តេចក៏បានគូសរំលេចនូវ ពង្រាង មាត្រា 143 ថ្មីផងដែរ ដោយបានចែង អំពីការ លុបបេក្ខភាព ឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយឬត្រូវផាកពិន័យជាប្រាក់ពី 10 លានរៀលទៅ 30 លានរៀល។ ដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដោយមិនគិតពីទោសព្រហ្មទណ្ឌ ដទៃទៀត ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា 142 ថ្មីខាងលើ។

សម្ដេចមានប្រសាសន៍ទៀតថាអំពើញុះញង់មិនអាចអត់ឱនបានឡើយទោសទណ្ឌត្រូវតែដាក់ មិនអាចទុកបន្តឲ្យប្រព្រឹត្តអំពើបែបនេះតទៅទៀតឡើយ៕