ករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។
សម្តេចក្រឡាហោមបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។ សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង ១៨២មាត្រា។
សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ ធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ អង្គសភាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ៕
អត្ថបទ៖ អក្ខរា