ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក សាន សុជា មិនជជែក​ដល់​ការ​ផ្តល់តួនាទី ឬឋានៈអ្វីក្នុងជួររាជរដ្ឋាភិបាលនោះឡើយ

ជារឿងដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ព័ត៌មានជាច្រើនផ្សាយពីដំណឹងជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាមួយ​អតីត​សង្ឃ លោក សាន សុជា នាព្រឹកថ្ងៃអង្គារ៍ទី១៣ ខែមិថុនានេះ ស្ថិតនៅភូមិគ្រឹះផ្ទាល់របស់សម្តេចតេជោ ទីក្រុងតាខ្មៅ ខេត្ត​កណ្តា​ល។ ការចាត់ទុកថា ភ្ញាក់ផ្អើលក៏ព្រោះថា ក្រោយលាចាកសិក្ខា ឬហៅសាមញ្ញថា សិក្ខពីភេទជាភិក្ខុសង្ឃមកជា​គ្រហ​ស្ថវិញ​របស់លោក សាន សុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅឯប្រទេសអូស្ត្រាលី ហើយលោកបានមកកាន់ស្រុកខ្មែរភ្លាមបានជួប​ជាមួយប្រមុខរាជរដ្ឋាភិបាល។

ការចូលជួបសំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន នៅពេលនេះរបស់លោក សាន សុជា ត្រូវបានមជ្ឍដ្ឋានមួយចំនួន​ដាក់ក្តីរំពឹង​ថា លោក សាន សុជា អាចនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ហើយនឹងទទួលបានដំណែងខ្ពស់ទៀតផង។ ទន្ទឹម​នឹងនោះក៏មានមតិមួយចំនួនទៀតលើកឡើងដែរថា ការកើតឡើងជំនួបរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាមួយ​អតីតអ្នក​បួស​​ដ៏ល្បីឈ្មោះរូបនេះ ហាក់បន្សល់ទុករឿងរ៉ាវពីក្រោយខ្នងជាច្រើន ស្របពេលការសិក្ខរបស់លោក សាន សុជា ត្រូវ​បានសាមុីខ្លួនធ្លាប់បានបញ្ជាក់រឿយៗថា លោកសិក្ខដើម្បីទទួលបានបទពិសោធន៍ថ្មីប៉ុណ្ណោះ ហើយរៀនរស់ជាខ្លួនឯង។

យ៉ាងណា បើទោះបីមានការជជែកវែកញែកក្នុងហេតុផលផ្សេងៗគ្នាក៏ដោយចុះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នង​ការ​រងនគរបាលជាតិ ដែលរួមដំណើរជាមួយលោក សាន សុជា ចូលសំដែងគួរសមនៅភូមិគ្រឹះផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ Fresh News ថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះ​ការ​ផ្សព្វ​ផ្សាយព្រះធម៌​អប់​រំចិត្តរបស់លោក សាន សុជា។ សម្តេចតេជោ ក៏បានលើកទឹកចិត្តលោក សាន សុជា បន្តការផ្សព្វផ្សាយព្រះអប់រំ ចិត្តនេះបន្តទៅទៀត។

បើតាមនាយឧត្តមសេនីយ៍ ខេង សុមេធ នៅក្នុងជំនួបនេះ មិនមានការជជែកអ្វីច្រើនពីការសួរសុខទុក្ខ និងការជជែក​ពីរឿង​ផ្សព្វផ្សាយព្រះធម៌នោះឡើយ។ បន្ថែមទៀតនោះលោកបានអះអាងថា ក្នុងជំនួបនោះ មិនមានការជជែកដល់ការ​ផ្តល់​តួនា​ទី ​ឬឋានៈអ្វីមួយដល់គ្រូលោក សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ។

សូមជម្រាបជូនថា លោក សាន សុជា បានបួសរៀនព្រះធម៌ក្រោមម្លប់ព្រះពុទ្ធសាសនា អស់រយៈពេលជាង ៣០ព្រះវស្សា​។ តាមរយៈការសម្តែងពន្យល់ធម៌អាថ៍ លោកទទួលបានប្រជាប្រិយភាពខ្ពស់ពីប្រជាពុទ្ធបរិស័ទ។