លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។
របាយការណ៍ក្នងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទ១៣ ខែមិថុនានេះ បានបញ្ជាក់ថា ការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩.៨១៦ ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់ ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧.២៧៩ នាក់។
ទន្ទឹមនឹងនេះ លោក ម៉ៅ ច័ន្ទតារា ក៍៏បានបង្ហាញផងដែរអំពីករណីសេសសល់មិនទាន់បានផ្តល់ជូនគឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាក់ស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាកស្រុកទៅក្រៅប្រទេស មិនអាចត្រលប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។
ក្រៅពីនេះ មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។ ការណ៍នេះ ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅ ទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត ក្នុងនោះក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់៕