សម្តេចតេជោ ហ៊ុន សែន ហៅ ស ឡុងដេត ដែលកំពុងរត់គេចខ្លួន ត្រឡប់មកវិញនិយាយគ្នាក្នុងតុលាការ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបុគ្គល ស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជា ដែលបានរត់គេចពីភ្នំពេញទៅប្រទេសថៃ ត្រឡប់មកវិញជាបន្ទាន់ ទោះបីជារត់គេចក៏គង់តែគេចាប់ខ្លួនបញ្ជូនមកវិញដដែល។

ក្នុងពិធីជួបជាមួយនឹងកម្មករកម្មារិនីជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានដាក់បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន បើឃើញបុគ្គលរូបនេះ ត្រូវចាប់ខ្លួន ព្រោះបុគ្គលនេះ មានដីកាតុលាការហាមចេញទៅក្រៅប្រទេស ដោយសម្តេចបញ្ជាក់ថា យប់មិញបុគ្គលរូបនេះបានរត់ទៅថ្មដាតែអាជ្ញាធរមិនឲ្យឆ្លងដែន ឥលូវបានទៅដល់ច្រកចាំយាម ហើយឆ្ពោះទៅព្រំដែនខេត្តកោះកុង ត្រៀមចេញទៅថៃ។

សម្តេចតេជោថ្លែងថា៖ “ឥលូវ ស ឡុងដេតបានលឺហើយសូមត្រឡប់មកវិញ ដេកផ្ទះយ៉ាងស្រួលហើយទៅឆ្លើយជាមួយតុលាការ រឿងចោទប្រកាន់ស៊ីហ្គេម គណៈកម្មាការរៀបចំស៊ីហ្គេមបានប្តឹងព្រោះនិយាយបរិហាធ្ងន់ធ្ងរពេក”។

គួរបញ្ជាក់ថា នៅក្នុងបន្ទប់ប្រជុំមួយនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង “មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង “អ្វីៗជារឿង ក្លែងក្លាយទាំងអស់។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ចាត់ទុកខ្លឹមសារទាំងនេះ គឺជាការបំផ្លើស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណងគេងចំណេញខាងនយោបាយ បង្អួចកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប.អ. និងជាពិសេស កិច្ចខិតខំប្រឹងប្រែងនិងជោគជ័យដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបចប់ថ្មីៗនេះ។

CAMSOC បដិសេធទាំងស្រុងការលើកឡើងបែបអគតិទាំងនេះ និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត នេះ ខណៈស្ថាប័នជាច្រើនបានចេញថ្កោលទោសជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ អក្ខរា