សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងថា បើអ្នកឯងចិត្តសឿងសូមកុំទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នោះនឹងបាត់សិទ្ធិឈ្មោះឲ្យគេបោះឆ្នោត។ សម្តេចតេជោបានថ្លែងបែបនេះ ដោយឆ្លើយតបទៅក្រុមបក្សប្រឆាំងក្រៅប្រទេស ដែលធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើអ្នកឯងចិត្តសឿងសូមកុំទៅបោះឆ្នោត ដើម្បីឲ្យអ្នកឯងបាត់សិទ្ធិជាស្ថាពរទៅលើការឈរឈ្មោះទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ទាំងតំណែងសមាជិកព្រឹទ្ធសភា ២០២៤ ទាំងការបោះឆ្នោតរដ្ឋសភា ២០២៨ ទាំងតំណែងក្រុមប្រឹក្សាស្រុក ខេត្ត ឆ្នាំ២០២៤”។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ពេលនេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងធ្វើការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាបន្ទាន់ និងឲ្យបានលឿន ដើម្បីឲ្យរដ្ឋសភាអនុម័ត ដោយវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ នឹងត្រូវបានរៀបចំនិងអនុម័តរួចមុនការបោះឆ្នោតនាខែកក្កដាខាងមុខនេះ៕
អត្ថបទ៖ អក្ខរា