ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គាំទ្រទាំងស្រុងនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត 

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបណ្ឌីត ហ៊ុន ម៉ាណែត ប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលការស្នើធ្វើវិសោធនកម្មច្បាប់នេះ មានលក្ខណៈស្របតាមខ្លឹមសារបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា បានចេញសារពិសេសពាក់ព័ន្ធការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅពេលខាងមុខនេះ។ សម្តេចកត់សម្គាល់ថា មួយរយៈនេះមានការជជែកវែកញែកច្រើនអំពីសេរីភាពនៃការបោះឆ្នោតជាបន្តបន្ទាប់។ សម្តេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ ដោយពលរដ្ឋអាចទៅចូលរួមបោះឆ្នោត ឬមិនបោះឆ្នោតបាន។

ក្នុងសារសំឡេងជាង១២នាទី សម្តេចតេនាយករដ្ឋមន្ត្រីក៏បានប្រកាសធ្វើវិសោធនកម្មបន្ទាន់ ដើម្បីចងជាកាតព្វកិច្ចសម្រាប់អ្នកឈរ ឈ្មោះឲ្យគេបោះឆ្នោត ដោយសម្តេចបញ្ជាក់ថា បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត បើមិនដូច្នោះទេនឹងត្រូវបាត់បង់សិទ្ធិទាំងការបោះឆ្នោត និងការឈរឈ្មោះបោះឆ្នោត៕