ក្រុម​គ្រូពេទ្យTYDA​ ចុះពិនិត្យនិង​ព្យា​បាលជំ​ងឺ ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​ជាង​ ១ពាន់​នាក់​ ក្នុងខណ្ឌ​សែន​សុខ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិ​បត្តិ​សមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណចំនួន២៧៩នាក់ ចុះពិនិត្យ​និង​ព្យាបាល​ជំងឺជូនដល់កម្មករ កម្មការិនី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបញ្ជាក់ថា គោលបំណងធំនៃការបង្កើតសមាគម TYDA គឺ៖ ទី១-ផ្តល់ការព្យាបាល​ជំងឺជូន​ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការនយោបាយ សាសនា ឫពណ៌សម្បុរនោះទេ ទី២-ចូល​រួមចំ​ណែក​ជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រ​តាម​ទីជនបទដាច់ស្រយាល និងទី៣-ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូច​ជាផ្តល់​ឱកាសដល់ប្អូនៗនិសិ្សតពេទ្យ និងយុវជនស្ម័គ្រចិត្តផ្សេងៗបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដើម្បី​សង្គម​ជាតិខ្មែរយើង។

លោកវេជ្ជបណ្ឌិត បានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុង​ការថែ​ទាំសុខភាព​ជូនប្រជាពលរដ្ឋ។ ហើយក្រៅពីអនុញ្ញាតឱ្យក្រុមការងារចុះមកពិនិត្យជំងឺ ឯកឧត្តម និងលោកជំទាវ ក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ចំពោះលោកតា លោកយាយ ពូមីង បងប្អូនកម្មករ កម្មការិនីទាំងអស់គ្នា ផងដែរ។

ជាមូយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានមានមតិស្វាគមន៍ និងបង្ហាញក្តីសោមនស្សសប្បាយរីករាយ​ចំពោះវត្តមានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺដោយ​ឥតគិត​ថ្លៃជូនដល់ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខនាពេលនេះ ។

លោកអភិបាលខណ្ឌ ក៏សំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺ​ដោយ​ឥតគិត​ថ្លៃ​ជាបន្តបន្ទាប់ទៀតផងដែរ។

តាមរបាយការណ៍ ការចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅ ខណ្ឌសែនសុខនេះ គឺមានកម្មករកម្មការិនី និងប្រជា​ពល​​រដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់ក្នុងថ្ងៃនេះមានចំនួន ១,៤៥០នាក់ ស្មើនឹងជិត៣០០០ ករណី ដោយក្នុង​នោះ​មានជំងឺបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យដៃគូមានចំនួន ១៧ ករណី។

គិតមកទល់នឹងពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមា​ជិ​ក​​ជា​ង​៨ពាន់នាក់ ដោយបានព្យាបាលអ្នកជំងឺទូទាំងប្រទេសសរុបចំនួន ៤០ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៧ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរ​ចំនួន៦៥នាក់ បានបញ្ចូនមកនិងវះកាត់ដោយជោគជ័យផងដែរ៕

អត្ថបទ៖​ ពុទ្ធិកា