ក្រសួងរ៉ែ ដាក់ដំណើរការគោលការណ៍សម្រាប់ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា

ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយប្រកាស​ ដើម្បីដាក់ដំណើរការ​គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

លោក​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល​ បានឱ្យដឹងថា “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា”​ នេះ​ គឺជាកិច្ចសហការរៀបចំឡើងដោយក្រសួងរ៉ែនិងថាមពល​ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (UNDP)។ គោលការណ៍នេះ​ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា​ ឱ្យបានច្បាស់លាស់​ មានប្រសិទ្ធភាព​ មានតម្លាភាព​ ស្មើភាពគ្នា​ គណនេយ្យភាព​ និងសមធម៌។

លោក បន្តថា៖«តាមយៈគោលការណ៍នេះ​ យើងនឹងផ្តល់ការអនុញ្ញាតដល់ការស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​ ហើយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន​ និងការប្រែប្រួលអាកាសធាតុ»។

បន្ថែមពីការគ្រប់គ្រង​ និងជួយសម្រួលដល់អ្នកប្រើប្រាស់នោះ​ រាជរដ្ឋាភិបាលកម្ពុជា​ ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការ កាត់ បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ​ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពី រដ្ឋមន្រ្តីក្រសួងរ៉ែនិង ថាមពល៕