ក្រសួងអប់ រំយុវជន និងកីឡា ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែមនៅមធ្យមសិក្សាទុតិយភូមិ” ដែលពិធីបើកត្រូវបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ជូនដល់លោកគ្រូអ្នកគ្រូនៅសាលាបណ្ដាញទាំង៦ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កែប ព្រះសីហនុ និងខេត្តកោះកុង សរុបចំនួន២២៨នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តតាកែវ។
ឯកឧត្តមនលើកឡើងថាការអប់រំស្ទែមនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព ការវាយតម្លៃលើការអនុវត្តលទ្ធផលតេស្តរបស់សិស្សនៅកម្រិតសាលារៀន និងជំរុញឱ្យសិស្សចង់រៀនព្រមទាំង ជួយឱ្យពួកគេមានលទ្ធភាពអភិវឌ្ឍន៍ មានគំនិតច្នៃប្រឌិត បង្កើតពហុគំនិត មានអន្តរកម្មឥតឈប់ឈរ បង្កើនការរិះគិតស៊ីជម្រៅ ចេះបង្កើតថ្មីដោយខ្លួនឯង និងមានសមត្ថភាពចូលរួមប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ នៃកម្មវិធីអន្តរជាតិ PISA។
វិស័យនីមួយៗខាងលើនេះ មានទិសដៅ និងផ្តល់សារៈសំខាន់ទៅលើវត្ថុបំណងខុសៗគ្នា និងជាវិស័យដែលកម្ពុជាយើងកំពុងត្រូវការចាំបាច់ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសជឿនលឿននៅឆ្នាំ២០៥០ ពោលគឺជាប្រទេសអ្នកផលិត។ នេះបើតាមការគូសបញ្ជាក់បន្ថែមពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំដដែល៕