សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជាឆ្ពោះទៅរកភាពរុងរឿង

ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់សមាគមឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូចនាវាកម្ពុជា ឈានឆ្ពោះទៅរកភាពរុងរឿង ចូលរួមចំណែកយ៉ាងសកម្មដល់សង្គម ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអសារប្រជាពលរដ្ឋដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។

សម្តេចតេជោ ហ៊ុន​ សែន មានអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ​ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និង​សកល៕

អត្ថបទ៖ អក្ខរា