ប្រមុខរដ្ឋាភិបាលកម្ពុជា លែងមានកង្វល់ ខណៈមិនមានការបណ្ដេញពលករខ្មែរចេញពីប្រទេសថៃនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងាររបស់ពលករខ្មែរប្រទេសថៃ ខណៈថ្មីៗនេះ លេចលឺព័ត៌មានថាគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោត មានបំណង បណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។

ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ គឺមិនមាននយោបាយបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ ផ្ទុយទៅវិញមានការបន្តយកចិត្តទុកដាក់ថែមទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការបញ្ជាក់របស់ភាគីថៃ និងពេញចិត្តចំពោះព័ត៌មាន ដែលបានបកស្រាយថា នឹងមិនមានបញ្ហាបណ្តេញពលករកម្ពុជាចេញពីប្រទេសថៃ។ សម្តេចតេជោ បញ្ជាក់ថា គឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករកម្មការនីរបស់យើង ដែលកំពុងធ្វើការក្នុងប្រទេសថៃទៀតហើយ។

ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យទាក់ទិននឹងកម្មករអន្តោប្រវេស្តន៍ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រុះសម្រួលនៅក្នុងក្របខណ្ឌអាស៊ាន គឺត្រូវបានទទួលការការពារ និងដោះស្រាយ៕

អត្ថបទ៖ អក្ខរា