សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា អ្វីដែលសម្តេចចង់បានពិតប្រាកដគឺកុំឲ្យមានជម្លោះណាមួយកើតឡើងរវាងកម្មករនិងម្ចាស់រោងចក្រ កម្មករនិងអ្នកគ្រប់គ្រងរោងចក្រ ហើយបើមានវិវាទណាមួយកើតឡើងត្រូវដោះស្រាយភ្លាមៗ កុំទុកឲ្យទៅជាជំងឺមហារីក។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ក៏បានមានប្រសាសន៍ថា វិវាទកម្មករជាមួយរោងចក្រនេះ ត្រូវចាត់ទុកជាកាតព្វកិច្ចរបស់អភិបាលខេត្ត ដែលមានរោងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លូន។ សម្តេចក៏បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង ត្រូវមើលឲ្យជាប់ ដោយឲ្យមានអភិបាលរងខេត្ត ស្រុកទទួលដោះស្រាយបន្តលើបញ្ហា ខិតខំសម្របសម្រួលគ្នា កុំឲ្យមានបាតុកម្ម ឬឈានទៅដល់តុលាការ៕
អត្ថបទ៖ អក្ខរា