ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករកម្មការិនី នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មករកម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រសហគ្រាសទាំង៥ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ប្រទេសជប៉ុន។ល។

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន​២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើន៕