ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវ ក្នុងការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចពិគ្រោះយោបល់នេះ ក៏មានការចូលរួមពីលោក សាដា អ៊ូម៉ា អាឡាម អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងស្ថាប័ន អង្គការដៃគូ ជាច្រើនរូបទៀត។
ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន គឺជាកិច្ចការអាទិភាពមួយរបស់ក្រសួងបរិស្ថាន។ ជាក់ស្តែង ការអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ ផ្ដល់គុណប្រយោជន៍ជាច្រើនដល់សហគមន៍ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍ និងការផ្ដល់ជម្រើសមុខរបរជូនប្រជាសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ទទួលបានជោគជ័យលុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូលជាប្រចាំនិងមានជីវភាពធូរធារ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមឃ្មុំជាសហគមន៍ការធ្វើពិពិធកម្មផលិតផលពីឃ្មុំ និងការធ្វើស្លាកយីហោផលិតផលពីឃ្មុំប្រចាំសហគមន៍ ដោយផ្តោតលើការសិក្សាថាតើដើមឈើប្រភេទណា ព្រៃប្រភេទណា ផ្កាប្រភេទណាដែល ផ្ដល់ផលិតផលពីឃ្មុំ ជាពិសេសទឹកឃ្មុំ មានគុណភាពខ្ពស់និងទាក់ទាញ។ ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកជាឱសថ ប៉ុន្តែទឹកឃ្មុំគួរតែត្រូវបានចាត់ជាអាហារប្រចាំថ្ងៃ ដើម្បីជាប្រភពប្រូតេអ៊ីន និងអាហារូបត្ថម្ភដ៏សំខាន់ សម្រាប់ការលូតលាស់នៃសារពាង្គកាយ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ផលិតផលពីឃ្មុំរបស់ខ្មែរ ត្រូវបំពេញតម្រូវការក្នុងស្រុកផងនិងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ហើយដើម្បីសម្រេចបានគោលដៅនេះ មានការងារជាអាទិភាព ៣ សំខាន់ គឺ៖ ទី១)ត្រូវធ្វើយ៉ាងណាឱ្យការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជាឱ្យដំណើរការទៅបានរលូននិងនិរន្តភាព ទី២)ស្វែងរកទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ និងទី៣)ផ្សព្វផ្សាយពីផលិតផលទាំងនេះឱ្យបានទូលំទូលាយ៕