ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែ ទម្រង់អភិបាលកិច្ច នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានទទួលជួបជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នក គ្រប់គ្រង និងសមាជិក តំណាងដោយ លោក ដាយ យូមីង (Dai Youming) នៃក្រុមហ៊ុន ផោវ័រឆាយណាអ៊ីនធ័រណេស្សិនណលគ្រុប (Power China International Group) ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងនៃសាធាររដ្ឋប្រជាមានិតចិន។
ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមនយ៉ាងកក់ក្តៅ និងការថ្លែងអំណរគុណ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគណ:ប្រតិភូសហគ្រាសចិន ដែលបានមកសិក្សាពីឱកាសធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីអនុញ្ញាតឲ្យគណ:ប្រតិភូចិនធ្វើការណែនាំអំពីសហគ្រាសរបស់ខ្លួន និងបង្ហាញគោលបំណងនៃការសិក្សា អំពំឱកាសវិនិយោគនៅកម្ពុជា ឯកឧត្តម ព្រាប កុល បានផ្តល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋា
ភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាពនយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។
គណ:ប្រតិភូសហគ្រាសចិនបានថ្លែងអំណរគុណដល់ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សានៅថ្ងៃនេះ ហើយសង្ឃឹមថា ឯក ឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តជួយគាំទ្រ និងសហការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុន អាចបោះទុនវិនិយោគដ៏ធំនៅពេលខាង មុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត៕