សម្តេចតេជោ ហ៊ុន សែន៖ ត្រូវពង្រឹងគុណធម៌សម្រាប់កូនចៅ កុំឲ្យមានករណីកូន៥នាក់ ចិញ្ចឹមឪពុកម្តាយពីរនាក់មិនរស់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការពង្រឹងទំនៀមទម្លាប់ សីលធម៌របស់ខ្មែរ គឺគោរពចាស់ទុំ។ សម្តេចគូសបញ្ជាក់ថា នៅប្រទេសគេឪពុកម្តាយចាស់ជរា គេយកទៅដាក់ចោលនៅមណ្ឌល ដោយមិនមានកូនចៅថែទាំ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើង ត្រូវពង្រឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនលើការគោរពចាស់ទុំ កុំភ្លេចព្រះនៅក្នុងផ្ទះ ដែលត្រូវពង្រឹងគុណធម៌សម្រាប់កូនចៅ មើលថែទាំឪពុកម្តាយចាស់ៗ ដែលគេធ្លាប់និយាយថា ឪពុកម្តាយពីរនាក់ចិញ្ចឹមកូនប្រាំនាក់រស់ តែកូនប្រាំនាក់ចិញ្ចឹមឪពុកម្តាយពីរនាក់មិនរស់ ដោយកុំឲ្យមានករណីនេះកើតឡើង។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

ពាក្យ ​”ម្តាយម្នាក់ចិញ្ចឹមកូនច្រើននាក់រស់ តែពេលខ្លះកូនច្រើននាក់ចិញ្ចឹមម្តាយម្នាក់មិនរស់”​គឺយើងតែលឺចាស់ៗបុរាណចូលចិត្តលើកយកមករំលឹកទូន្មានដល់កូនប្រុសស្រី ដើម្បីជាគំនិត និងការដាស់តឿនស្មារតីនៅពេល​ដែលម្តាយ​ឪពុកចាស់ជរាទៅ ត្រូវការនូវការមើលថែការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីកូនៗ​វិញ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងសង្គមកម្ពុជាគេសង្កេតឃើញមានជនចាស់ជរាមួយចំនួន ត្រូវបានកូនបោះបង់ចោល មិនយកចិត្តទុក​ដាក់​មើលថែរក្សា ឬយកទៅដាក់នៅមណ្ឌលចាស់ជរាជាដើម។

ក្នុងរាជធានីភ្នំពេញមានទីតាំងមួយកន្លែង គឺមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) ដែលមានចាស់​ជរា ជនអនាថា រាប់រយនាក់ស្នាក់នៅ ដោយភាគច្រើនពួកគាត់ត្រូវបានក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយ​ ត្រូវបានអាជ្ញាធរតាមបណ្ដាខណ្ឌបញ្ជូនមកមណ្ឌលសំចតនេះ ដោយបានយកចិត្តទុកដាក់ ហើយកន្លែងសុខដុមរមនារបស់ពួកគាត់មុនត្រូវបញ្ជូនទៅលំនៅឋានវិញ៕

អត្ថបទ៖ អក្ខរា